នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដាក់ឲ្យដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទីមួយ ចូលមកកាន់កំពង់ផែកោះកុង ផត មេនចម៉ិន ឯ.ក ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។នាឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត បានសម្ដែងភាពរីករាយចំពោះការបើកដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទីមួយ ចូលមកកាន់កំពង់ផែកោះកុង ផត មេនចម៉ិន ឯ.ក។លោកស្រី អ៊ី នារីនេត បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្ដីត្រេកអរ ទទួលបានសេចក្ដីសុខ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។លោកស្រី អ៊ី នារីនេត បានបន្ថែមថា នយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និង កំពង់ផែ ព្រមទាំងមានការទទួលស្គាល់ និងស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឲ្យខេត្តកោះកុង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។លោកស្រីអភិបាលរងខេត្ត ជឿជាក់ថា កំពង់ផែថ្មីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឬ ផលកសិកម្ម របស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងតែប្រកបរបរកសិកម្មនៅមូលដ្ឋាន។ ក្នុងនោះ សំដៅលើកកម្ពស់ជីវភាពប្រជាកសិករក្នុងខេត្តកោះកុង ឲ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានជីវភាពធូរធារជាងមុន ព្រោះថា ផ្លូវ ស្ពាន និងកំពង់ផែ គឺជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់ចាំបាច់បំផុតមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ។